ព្រះត្រៃបិដក ភាគ ៧២
គ្រានោះ ខ្ញុំកើតជាអ្នកកំសត់នៅក្នុងក្រុងហង្សវតី បានឃើញជនរីករាយហើយ ក៏គិតយ៉ាងនេះក្នុងកាលនោះថា ព្រះស្តូបដែលបញ្ចុះព្រះសរីរធាតុ ប្រាកដដូចនេះ របស់ព្រះមានព្រះភាគអង្គណា ព្រះមានព្រះភាគអង្គនុ៎ះ មានបុណ្យដ៏លើសលុប ពួកជននេះមានចិត្តត្រេកអរហើយ ចំពោះជនអ្នកធ្វើនូវសក្ការៈ រមែងមិនក្តៅក្រហាយ។ អាត្មាអញនឹងធ្វើសក្ការៈ ថ្វាយព្រះលោកនាថ ជាតាទិបុគ្គលដែរ នឹងបានជាព្រះទាយាទក្នុងធម៌របស់ព្រះលោកនាថអង្គនោះ ក្នុងកាលជាអនាគត។ ខ្ញុំក៏លើកឡើងនូវសំពត់របស់ជាងជ្រលក់ដែលបោកគក់យ៉ាងស្អាត ព្យួរនឹងចុងឫស្សី ហើយលើកឡើងជាទង់ឰដ៏អាកាស។ អភិសម្មតយក្ស រីករាយកាន់ទង់របស់ខ្ញុំ (ឋិតនៅ) ឰដ៏អាកាស ខ្ញុំឃើញទង់ដែលត្រូវខ្យល់បក់រវិចហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើត ដោយក្រៃលែង។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះទង់នោះហើយ ក៏ចូលទៅរកព្រះសមណៈ ថ្វាយបង្គំទូលសួរនូវផលទង់នឹងភិក្ខុនោះ។
ID: 637641389947761385
ទៅកាន់ទំព័រ៖