ព្រះត្រៃបិដក ភាគ ៧២

 ភិក្ខុ​នោះ​សម្តែង​នូវ​កិរិយា​កើតឡើង​នៃ​សេចក្តី​ត្រេកអរ និង​បីតិ​របស់ខ្ញុំ ប្រាប់​ខ្ញុំ​ថា អ្នក​នឹង​បាន​ទទួលផល​របស់​ទង់​នោះ​សព្វៗ កាល។ សេនា​មាន​អង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង នឹង​ចោមរោម​អ្នក​អស់​កាល​ជានិច្ច នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទង់ ។ តូ​រ្យ​តន្រ្តី ៦០ ពាន់ និង​ស្គរ​ដែលគេ​តាក់តែង​យ៉ាង​ល្អ នឹង​ចោមរោម​អ្នក​អស់​កាល​ជានិច្ច នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទង់។ ពួក​នារី ៨៦ ពាន់ មានខ្លួន​តាក់តែង​យ៉ាង​ល្អ មាន​សំពត់ និង​គ្រឿងអម្ពរ​ដ៏​វិចិត្រ ពាក់​កែវមណី និង​កុណ្ឌល។ ពួក​នារី​ទាំងនោះ មានមុខ​ទូលាយ មានមុខ​ស្រស់ស្រាយ មាន​ត្រគាកសាយ មាន​ដងខ្លួន​រៀវ​ល្អ នឹង​ចោមរោម​អ្នក​អស់​កាល​ជានិច្ច នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទង់។ អ្នក​នឹង​រីករាយ​ក្នុង​ទេវលោក​អស់ ៣០ ពាន់​កប្ប នឹង​បាន​សោយ​ទេវ​រាជ្យ ជាធំ​ជាង​ទេវតា​អស់ ៨០ ដង។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់​មួយ​ពាន់​ដង នឹង​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​ជាតិ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637641390214323940
ទៅកាន់ទំព័រ៖