ព្រះត្រៃបិដក ភាគ ៧២

ឥឡូវនេះ ព្រះពុទ្ធ​ត្រាស់​ឡើង​ក្នុង​លោក​ហើយ តែង​ញុំាង​សាសនា​ឲ្យ​រុងរឿង សត្វ​អ្នក​ប្រាថ្នា​បុណ្យ អាច​នឹង​រើខ្លួន​បាន។ ខ្ញុំ​ដល់​នូវ​ត្រៃសរណគមន៍ ហើយ​រក្សា​ពេញលេញ មានមុខ​ងាក​ចេញពី​ទុគ្គតិ ដោយសារ​អំពើ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ប្រពៃ​នោះ។ មាន​សមណៈ​មួយ​អង្គ ឈ្មោះ​និ​សភៈ ជា​អគ្គសាវ័ក​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ចូល​ទៅ​រក​ព្រះ​និ​សភៈ​នោះ ហើយ​ទទួល​នូវ​សរណគមន៍។ ក្នុង​សម័យ​នោះ អាយុ (របស់​សត្វ) មាន​ប្រមាណ​មួយ​សែន​ឆ្នាំ ខ្ញុំ​បាន​រក្សា​សរណគមន៍ ឲ្យ​ពេញលេញ អស់​កាល​ប៉ុណ្ណោះ​ដែរ។ ក្នុង​កាល​ជាទីបំផុត​កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​រលឹក​រឿយៗ នូវ​សរណគមន៍​នោះ ខ្ញុំ​បាន​ទៅកាន់​ឋាន​តាវត្តិង្ស ដោយសារ​កុសលកម្ម​ដែល​ខ្ញុំ​បាន​ធ្វើល្អ​ហើយ​នោះ។ ខ្ញុំ​កាល​ទៅ​កើត​ក្នុង​ទេវលោក ដែល​ខ្ជាប់ខ្ជួន​ដោយ​បុញ្ញកម្ម បើ​ចូល​ទៅកាន់​ប្រទេស​ណាៗ រមែង​បាន​នូវ​ហេតុ ៨ ប្រការ (ក្នុង​ប្រទេស​នោះៗ)។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637641391180730190
ទៅកាន់ទំព័រ៖