ព្រះត្រៃបិដក ភាគ ៧២
គឺគេតែងបូជាខ្ញុំក្នុងទិសទាំងឡាយ ១ ខ្ញុំជាអ្នកមានប្រាជ្ញាមោះមុត ១ ពួកទេវតាទាំងអស់រមែងប្រព្រឹត្តទៅ (តាមខ្ញុំ) ១ ខ្ញុំតែងបាននូវភោគៈមានចំនួនរាប់មិនបាន ១។ ខ្ញុំមានសម្បុរដូចមាសក្នុងទីទាំងពួង ១ មានបញ្ញាវាងវៃ ១ មិនកម្រើកចាកមិត្រទាំងឡាយ ១ យសរបស់ខ្ញុំខ្ពង់ខ្ពស់ ១។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៨០ ដង។ បានជាស្តេចចក្រពត្តិ អស់ ៧៥ ដង សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ លុះដល់បច្ឆិមភព ខ្ញុំប្រកបដោយបុញ្ញកម្ម កើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភក្នុងក្រុងសាវត្ថី។ ខ្ញុំបរិបូរដោយល្បែង មានពួកទារកចោមរោម ចេញចាកទីក្រុងហើយ ចូលទៅកាន់អារាមរបស់សង្ឃ ក្នុងវេលាល្ងាច។ ក្នុងអារាមនោះ ខ្ញុំឃើញសមណៈ លោកផុតស្រឡះចាកកិលេស មិនមានឧបធិ លោកបានសម្តែងធម៌ដល់ខ្ញុំ ទាំងបានឲ្យសរណគមន៍ដល់ខ្ញុំ។
ID: 637641391446198917
ទៅកាន់ទំព័រ៖