ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​បាន​ស្តាប់​សរណគមន៍ បាន​រលឹក​ឃើញ​នូវ​សរណគមន៍​របស់ខ្ញុំ ខ្ញុំ​អង្គុយ​លើ​អាសនៈ​មួយ ហើយ​បាន​ដល់​អរហត្ត។ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ អំពី​កំណើត បាន​ដល់​អរហត្ត ព្រះពុទ្ធ​មាន​ចក្ខុ ជ្រាប​នូវ​គុណ (របស់ខ្ញុំ) ហើយ​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ​ដល់​ខ្ញុំ។ ខ្ញុំ​បាន​ដល់​នូវ​សរណគមន៍ ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​ភទ្ទកប្ប​នេះ ឯអំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​ប៉ុណ្ណោះ បាន​ឲ្យផល​ដល់​ខ្ញុំ ក្នុង​សាសនា​នេះ។ សរណគមន៍ ខ្ញុំ​បាន​រក្សា​ល្អ​ហើយ ចិត្ត​ខ្ញុំ​បាន​តាំង​ទុក​ល្អ​ហើយ​ដែរ ខ្ញុំ​បាន​ទទួល​នូវ​យស​ទាំងពួង ហើយ​ដល់​នូវ​ព្រះនិព្វាន ជា​ធម្មជាត​មិន​មានការ​ញាប់ញ័រ។ អ្នក​ទាំងឡាយ​ណា មានការ​ប្រុង​ត្រចៀក​ស្តាប់ អ្នក​ទាំងឡាយ​នោះ ចូរ​ស្តាប់​ខ្ញុំ​ពោល​ចុះ ខ្ញុំ​នឹង​សម្តែង​ប្រាប់​អ្នក​ទាំងឡាយ​នូវ​អត្ថ គឺ​បទ​ដែល​ខ្ញុំ​ឃើញ​ដោយខ្លួនឯង។ ព្រះសម្ពុទ្ធ​ត្រាស់​ដឹង​ហើយ​ក្នុង​លោក សាសនា​ព្រះ​ជិនស្រី​កំពុង​ផ្សាយ​ទៅ ស្គរ​គឺ​អមត​និព្វាន ជា​គ្រឿង​បន្ទោបង់​នូវ​សរ​គឺ​សោក ព្រះអង្គ​ទួង​ហើយ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637641391694323860
ទៅកាន់ទំព័រ៖