ព្រះត្រៃបិដក ភាគ ៧២

អ្នក​ទាំងឡាយ​គប្បី​ធ្វើ​នូវ​ការ​កសាង​ក្នុង​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ គួរ​តាម​កម្លាំង​របស់​ខ្លួន​ចុះ អ្នក​ទាំងឡាយ​នឹង​ឃើញ​នូវ​ការ​រំលត់ទុក្ខ។ អ្នក​ទាំងឡាយ​គួរ​ទទួល​ត្រៃសរណគមន៍ រក្សាសីល ៥ ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ នឹង​ធ្វើ​ទីបំផុត​ទុក្ខ​បាន។ អ្នក​ទាំងឡាយ គួរ​ធ្វើ​នូវ​ខ្ញុំ​ឲ្យ​ជា​គ្រឿង​ប្រៀបធៀប ហើយ​រក្សាសីល​ទាំងឡាយ មិនយូរ​ប៉ុន្មាន អ្នក​ទាំងឡាយ​គ្រប់គ្នា​នឹង​បាន​ដល់​នូវ​ព្រះ​អរហត្ត។ ខ្ញុំ​ជា​អ្នកមាន​វិជ្ជា ៣ ជា​អ្នក​ដល់​នូវ​ឫទ្ធិ ស្ទាត់ជំនាញ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ជា​សាវ័ក​របស់​ព្រះអង្គ សូម​ថ្វាយបង្គំ​ចំពោះ​ព្រះបាទ​ព្រះ​សាស្តា។ ខ្ញុំ​ព្រះអង្គ​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ (នេះ) ជា​ផល​នៃ​ការ​ដល់​នូវ​ត្រៃសរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637641391910261319
ទៅកាន់ទំព័រ៖