ព្រះត្រៃបិដក ភាគ ៧២

ក្នុង​សម័យ​នោះ អាយុ (របស់​សត្វ) មាន​ប្រមាណ​មួយ​សែន​ឆ្នាំ ខ្ញុំ​រក្សាសីល ៥ ឲ្យ​បរិបូណ៌ អស់​កាល​ប៉ុណ្ណោះ​ដែរ។ លុះ​មរណកាល​មកដល់​ព្រម​ហើយ ទេវតា​ទាំងឡាយ​លួងលោម​ខ្ញុំ​ថា នែអ្នក​និទ៌ុក្ខ រថ​ដែល​ទឹម​ដោយ​សេះ​មួយ​ពាន់​នេះ មក​ប្រាកដ​ដល់​អ្នក​ហើយ។ កាលបើ​ចិត្តជា​ខាងក្រោយ កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​បាន​រលឹក​នូវ​សីល​របស់ខ្ញុំ ខ្ញុំ​បាន​ទៅកាន់​ឋាន​តាវត្តិង្ស ដោយសារ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ​នោះ។ ខ្ញុំ​បាន​ជាធំ​ជាង​ទេវតា សោយ​ទេវ​រាជ្យ មាន​ពួក​ស្ត្រី​អប្សរ​ចោមរោម សោយ​សេចក្តី​សុខ​ដ៏​ជា​ទិព្វ អស់ ៣០ ដង។ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៥ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ​រាប់​បាន​មួយ​អសង្ខេយ្យ​ជាតិ។ ខ្ញុំ​ច្យុត​ចាក​ទេវលោក ត្រូវ​កុសល​មូល​ដាស់តឿន ក៏​មក​កើត​ក្នុង​ត្រកូល​មហាសាល​ដ៏​ស្តុកស្តម្ភ ក្នុង​ក្រុង​វេសាលី។ កាល​សាសនា​របស់​ព្រះ​ជិនស្រី​កំពុង​រុងរឿង មាតា និង​បិតា​របស់ខ្ញុំ បាន​ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ក្នុង​កាល​ជិត​ចូលវស្សា។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637641392457292972
ទៅកាន់ទំព័រ៖