ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​បាន​ទទួល​សីល​ជាមួយ (នឹង​មាតា) ហើយ​បាន​រលឹក​ឃើញ​នូវ​សីល​របស់ខ្ញុំ ខ្ញុំ​អង្គុយ​លើ​អាសនៈ​មួយ ហើយ​បាន​ដល់​នូវ​អរហត្ត។ ខ្ញុំ​មាន​អាយុ ៥ ឆ្នាំ​អំពី​កំណើត បាន​ដល់​នូវ​អរហត្ត ព្រះពុទ្ធ​មាន​ចក្ខុ ទ្រង់​ជ្រាប​នូវ​គុណ (របស់ខ្ញុំ) ហើយ​ទ្រង់​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ​ដល់​ខ្ញុំ។ ខ្ញុំ​រក្សា​នូវ​សិក្ខាបទ​ទាំង ៥ ពេញលេញ ខ្ញុំ​មិនដែល​ទៅកាន់​កំណើត​អសុរកាយ អស់​កប្ប​នឹង​ប្រមាណ​មិនបាន អំពី​ភទ្ទកប្ប​នេះ។ ខ្ញុំ​នោះ​បាន​ទទួល​នូវ​យស ព្រោះ​ហេតុ​នៃ​សីល​ទាំងនោះ ខ្ញុំ​កាល​សម្តែង​នូវ​កោដិ​នៃ​កប្ប គប្បី​សម្តែង​ជាឯក​ទេស (មួយ​ចំ​ណែ​កៗ)។ ខ្ញុំ​រក្សាសីល​ទាំង ៥ ហើយ​បាន​នូវ​ត្រៃ​ហេតុ គឺ​ខ្ញុំ​ជា​អ្នកមាន​អាយុវែង ១ មានទ្រព្យ​ច្រើន ១ មាន​ប្រាជ្ញា​មោះមុត ១។ មួយទៀត ខ្ញុំ​សម្តែង​នូវ​ភាព​នៃ​ខ្លួន​ជា​បុរស​ដ៏​ក្រៃលែង​ជាង​ជន​ទាំងពួង អន្ទោល​ទៅ​ក្នុង​ភព​តូច និង​ភព​ធំ ហើយ​តែង​បាន​នូវ​ឋានៈ​ទាំង​នុ៎ះ។ សាវ័ក​ទាំងឡាយ របស់​ព្រះ​ជិនស្រី កាល​ប្រព្រឹត្ត​ក្នុង​សីល នឹង​ប្រមាណ​មិនបាន បើ​លោក​នៅ​ត្រេកអរ​ក្នុង​ភព តើ​នឹង​បានផល​ដូចម្តេច​ទៅ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637641392680573861
ទៅកាន់ទំព័រ៖