ព្រះត្រៃបិដក ភាគ ៧២

ព្រះអង្គ​ជា​ប្រទីប​បំភ្លឺ​សត្វលោក មានគុណ​នឹង​ប្រមាណ​មិនបាន មិន​មាន​បុគ្គល​ប្រៀបផ្ទឹម មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ ទ្រទ្រង់នូវ​រស្មី​ដ៏​រុងរឿង ហើយក៏​បាន​នូវ​បីតិ​ដ៏​ឧត្តម។ ខ្ញុំ​បាន​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ជាម​ហា​មុនិ ហើយ​និមន្ត​ព្រះអង្គ​ឲ្យ​ឆាន់ គ្រានោះ ព្រះ​មុនិ​ប្រកបដោយ​សេចក្តី​ករុណា​ចំពោះ​សត្វលោក ទ្រង់​អនុមោទនា​ទាន​របស់ខ្ញុំ។ ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះសម្ពុទ្ធ​អង្គ​នោះ ព្រះអង្គ​ប្រកបដោយ​មហាករុណា ទ្រង់​ជា​អ្នកធ្វើ​នូវ​សេចក្តី​រីករាយ​ដ៏​ក្រៃលែង ហើយ​ខ្ញុំ​ត្រេកអរ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ចង្ហាន់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អន្ន​សំ​សាវ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អន្ន​សំ​សាវ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637641393311511423
ទៅកាន់ទំព័រ៖