ព្រះត្រៃបិដក ភាគ ៧២

កុលបុត្រ​ណា បាន​បម្រើ​នូវ​ព្រះពុទ្ធ ព្រះអង្គ​ដូចជា​កេសរ​រាជសីហ៍ ជា​ស្តេច​នៃ​ម្រឹគ តថាគត​នឹង​សម្តែង​សរសើរ​នូវ​កុលបុត្រ​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង។ កុលបុត្រ​នោះ នឹង​បាន​ជា​ស្តេច​នៃ​ទេវតា អស់ ១១ ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៣៤ ដង។ កន្លងទៅ​មួយ​សែន​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល ត្រាស់​ដឹង​ក្នុង​លោក។ កុលបុត្រ​នោះ នឹង​បាន​នូវ​នាម (ថា​កុណ្ឌ​ធាន) ដោយ​វិបាក​នៃ​បាបកម្ម ព្រោះ​ជេរ​នូវ​សមណៈ​ទាំងឡាយ ជា​អ្នកមានសីល មិន​មាន​អាសវៈ។ កុលបុត្រ​ដែល​ឈ្មោះ​កុណ្ឌ​ធាន​នោះ នឹង​បាន​ជា​ទាយាទ​ក្នុង​ធម៌ របស់​ព្រះពុទ្ធ​ព្រះនាម​គោតម​នោះ នឹងជា​ព្រះ​ឱរស ជា​ធម្ម​និម្មិត ទាំង​បាន​ជា​សាវ័ក​របស់​ព្រះពុទ្ធអង្គ​នោះ។
 ខ្ញុំ​តែង​ប្រក​បរឿយៗ នូវ​វិវេក ជា​អ្នកមាន​ឈាន ត្រេកអរ​ក្នុង​ឈាន ញុំាង​ព្រះ​សាស្តា​ឲ្យ​ត្រេកអរ ជា​អ្នក​មិន​មាន​អាសវៈ។ ព្រះ​ជិនស្រី មាន​សាវ័ក​ចោមរោម និង​ពួក​ភិក្ខុ​ចោមរោម ទ្រង់​គង់​ក្នុង​កណ្តាល​ភិក្ខុសង្ឃ ហើយ​ញុំាង​ខ្ញុំ​ឲ្យ​កាន់​យក​ស្លាក។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637641396445733709
ទៅកាន់ទំព័រ៖