ព្រះត្រៃបិដក ភាគ ៧២

ព្រះ​បរម​ក្សត្រ​នោះ នឹង​រុងរឿង​អស់​ទី ៨ ហត្ថ ដោយ​ជុំវិញ​ទាំងថ្ងៃទាំងយប់ ដូចជា​ព្រះអាទិត្យ​រះ​ឡើង។ កន្លងទៅ​មួយ​សែន​កប្ប នឹង​ងមាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល ត្រាស់​ដឹង​ក្នុង​លោក ។ កុលបុត្រ​នោះ ច្យុត​ចាក​ឋាន​តុសិត​មក ត្រូវ​កុសល​មូល​ដាស់តឿន នឹង​បាន​ជា​ព្រាហ្មណ៍ មាន​នាម​កច្ចា​នៈ។ លុះ​កាលជាខាងក្រោយមក កច្ចា​នៈ​នោះ​ចេញ​បួស នឹង​បាន​ជា​អ្នកប្រាជ្ញ មិន​មាន​អាសវៈ ព្រះ​គោតម​ជា​ប្រទីប​ក្នុង​លោក ទ្រង់​នឹង​តាំង (កច្ចា​នៈ​នោះ) ក្នុង​ទី​ជា​ឯតទគ្គៈ។ កច្ចា​នៈ​នោះ នឹង​សម្តែង​នូវ​ប្រស្នា​ដែលគេ​សួរ​យ៉ាង​សង្ខេប ដោយ​ពិស្តារ​បាន មួយវិញទៀត កច្ចា​នៈ​នោះ កំពុង​សម្តែង​នូវ​ប្រស្នា​នោះ អាច​នឹង​បំពេញ​អធ្យាស្រ័យ (របស់​អ្នក​សួរ) បាន។ កុលបុត្រ​នោះ កើត​ក្នុង​ត្រកូល​ស្តុកស្តម្ភ ជា​ព្រាហ្មណ៍​ដល់​នូវ​ត្រើយ​នៃ​មន្ត លះបង់​ទ្រព្យ និង​ស្រូវ ចូល​ទៅកាន់​ផ្នួស។
 កាលបើ​មាន​ប្រស្នា​ដែល​ជន​ទាំងឡាយ​សួរ​ដោយ​បំព្រួញ ខ្ញុំ​សម្តែង​ដោយ​ពិស្តារ បំពេញ​អធ្យាស្រ័យ​នៃ​ពួក​ជន​នោះ ខ្ញុំ​ញុំាង​ព្រះសម្ពុទ្ធ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ ឲ្យ​ត្រេកអរ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637641398227296411
ទៅកាន់ទំព័រ៖