ព្រះត្រៃបិដក ភាគ ៧២
បុរសនោះ បានថ្វាយផ្កាឈូកណា ដល់តថាគត ផ្កាឈូកនេះ ដ៏ឧត្តម ជាទីប្រាថ្នា ជាទីត្រេកអរ (របស់ជន) ក្នុងលោក អំពើដែលគេធ្វើបានដោយកម្រ បុរសនោះ ក៏បានធ្វើហើយ។ បុរសណា បានបូជាផ្កា ទាំងថ្វាយចង្ហាន់ដ៏ប្រសើរដល់តថាគត តថាគតនឹងសម្តែងសរសើរបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនោះនឹងបានសោយទេវរាជ្យ អស់ ១៨ ដង ឯផ្កាឧប្បល ផ្កាឈូក ផ្កាម្លិះ និងផ្កាដទៃក្រៅពីនោះ ដែលប្រកបដោយក្លិនដ៏ជាទិព្វ នឹងអណ្តែត ធ្វើឲ្យជាគ្រឿងប្រក់ឰដ៏អាកាសក្នុងខណៈនោះ ដោយផលនៃបុណ្យរបស់បុរសនោះ។ បុរសនោះ នឹងបានជាស្តេចចក្រពត្តិអស់ ២៥ ដង នឹងបានសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៥០០ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។
ID: 637641398966202427
ទៅកាន់ទំព័រ៖