ព្រះត្រៃបិដក ភាគ ៧២
បុរសនោះ មានកម្មរបស់ខ្លួនប្រារព្ធហើយ មានកុសលមូលដាស់តឿនហើយ នឹងបានកើតជាព្រះញាតិផៅពង្ស ជាអ្នកញុំាងពួកសក្យៈឲ្យកើតសេចក្តីត្រេកអរ។ លុះកាលជាខាងក្រោយមក បុរសនោះនឹងចេញបួស ត្រូវកុសលមូលដាស់តឿន កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ ព្រះគោតម ព្រះអង្គជាផៅពង្សនៃសត្វលោក នឹងតាំងភិក្ខុនោះ ដែលដល់បដិសម្ភិទាហើយ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ក្នុងទីជាឯតទគ្គៈ។ ភិក្ខុនោះតាំងព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិ មាននាមថាឧទាយិ នឹងបានជាសាវ័ករបស់ព្រះសាស្តាអង្គនោះ។
ខ្ញុំកម្ចាត់បង់រាគៈ ទោសៈ មោហៈ មានះ និងមក្ខៈ កំណត់ ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ មួយវិញទៀត ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ បានញុំាងព្រះសម្ពុទ្ធឲ្យត្រេកអរ ឯព្រះសម្ពុទ្ធ ដែលខ្ញុំបានធ្វើឲ្យជ្រះថ្លាហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។
ID: 637641399298233628
ទៅកាន់ទំព័រ៖