ព្រះត្រៃបិដក ភាគ ៧២
ពួកសត្វមានរូបក្តី ឥតរូបក្តី ឥតសញ្ញាក្តី ទាំងប៉ុន្មាន ពួកសត្វទាំងអស់នោះ តែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ។ បុគ្គលណា បិទបាំងទឹកដោយសំណាញ់ មានក្រឡាញឹក ពួកសត្វណាមួយនៅក្នុងទឹក ពួកសត្វទាំងនោះ រមែងមាននៅខាងក្នុងសំណាញ់ (របស់បុគ្គលនោះដូចម្តេចមិញ)។ សត្វទាំងឡាយណា ដែលមានចេតនា ទោះបីមានរូបក្តី ឥតរូបក្តី ពួកសត្វទាំងអស់នោះ រមែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ (ដូច្នោះដែរ)។ ព្រះអង្គស្រោចស្រង់សត្វលោកនេះ ដែលច្រឡូកច្រឡំដោយងងឹត សត្វទាំងនោះស្តាប់នូវធម៌របស់ព្រះអង្គហើយ ឆ្លងនូវខ្សែទឹកគឺសេចក្តីសង្ស័យបាន។ សត្វលោកមានអវិជ្ជារួបរឹត មានងងឹតគ្របសង្កត់ហើយ នឹងកម្ចាត់ងងឹតទាំងឡាយ ព្រោះញាណរបស់ព្រះអង្គដែលទ្រោលឡើង។ ព្រះអង្គមានចក្ខុ បន្ទោបង់នូវងងឹតធំរបស់សត្វទាំងពួង ជនជាច្រើន លុះស្តាប់ធម៌របស់ព្រះអង្គហើយ នឹងបានសម្រេចព្រះនិព្វាន។
ID: 637641399884639889
ទៅកាន់ទំព័រ៖