ព្រះត្រៃបិដក ភាគ ៧២
ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំងនោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជាសព្វញ្ញុពុទ្ធ ព្រោះប្រធាននៃការត្រាស់ដឹងនោះផង ព្រោះអធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញានោះផង។
សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃព្រះពុទ្ធមុនៗ ទាំងឡាយរាប់មិនអស់ ដែលជាព្រះរាជា ហេតុធម៌បរិបូណ៍ដោយបារមី ៣០។ តថាគតបាននមស្ការថ្វាយបង្គំដោយម្រាមដៃ ១០ ដោយក្បាល ចំពោះព្រះសម្ពោធិញ្ញាណ របស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយផង ចំពោះព្រះសម្ពុទ្ធទាំងឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃផង។ រតនៈទាំងឡាយរាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតាដែលឋិតនៅឰដ៏អាកាសផង ឋិតនៅលើដែនដីផង រមែងនាំមកនូវរតនៈទាំងពួងនោះ ដោយចិត្ត។
ID: 637641332020639598
ទៅកាន់ទំព័រ៖