ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស សឹងមានដើមកប្បព្រឹក្សដ៏ល្អប្រតិស្ថានទៀបមាត់ទ្វារផ្ទះនៃខ្ញុំ។ យើងទាំងឡាយ គឺខ្ញុំផង បរិស័ទផង ពួកជនណានីមួយដែលមានឆ្នាំស្មើគ្នានឹងខ្ញុំផង តែងកាន់យកសំពត់ អំពីដើមកប្បព្រឹក្សនោះមកស្លៀកដណ្តប់ ក្នុងកាលនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដើមកប្បព្រឹក្ស។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ចក្រពត្តិ ៨ ដង ព្រះនាមសុចេលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកប្បរុក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កប្បរុក្ខិយត្ថេរាបទាន។
ID: 637642089127369376
ទៅកាន់ទំព័រ៖