ព្រះត្រៃបិដក ភាគ ៧២
មួយវិញទៀត ក្លិនឈើភ្នំទាំងឡាយណា លើភ្នំហិមពាន្តដ៏ឧត្តម ក្លិនទាំងអស់នោះ មិនបានមួយចំណិតនឹងក្លិនសីលរបស់ព្រះអង្គ។ លោកនេះ ព្រមទាំងទេវលោក តែងស្ទុះទៅក្នុងងងឹតគឺមោហៈ កាលបើញាណរបស់ព្រះអង្គទ្រោលឡើងហើយ ងងឹតក៏ខ្ចាត់ចេញទៅ។ កាលបើព្រះអាទិត្យអស្តង្គតហើយ ពួកសត្វក៏ដល់នូវសេចក្តីងងឹត យ៉ាងណា កាលព្រះពុទ្ធមិនទាន់បានត្រាស់ លោកក៏ដល់នូវសេចក្តីងងឹតយ៉ាងនោះដែរ។ ព្រះអាទិត្យកាលរះឡើង តែងបន្ទោបង់នូវងងឹតសព្វកាល យ៉ាងណា បពិត្រព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គកម្ចាត់បង់នូវងងឹតសព្វកាល យ៉ាងនោះដែរ។ ព្រះអង្គមានព្រះទ័យបញ្ជូនទៅកាន់ព្យាយាម បានជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក ទ្រង់ញុំាងប្រជុំជនដ៏ច្រើនឲ្យត្រេកអរដោយការប្រារព្ធនូវអំពើរបស់ព្រះអង្គ។ ព្រះបទុមុត្តរៈមហាមុនី ជាអ្នកប្រាជ្ញ បានទ្រង់ព្រះសណ្តាប់នូវពាក្យនោះហើយ ក៏ទ្រង់អនុមោទនា ហោះឡើងទៅឰដ៏អាកាស ដូចជាស្តេចហង្សហើរទៅឰដ៏អាកាស ដូច្នោះដែរ។
ID: 637642090153931826
ទៅកាន់ទំព័រ៖