ព្រះត្រៃបិដក ភាគ ៧២
ព្រះសម្ពុទ្ធជាមហេសី ព្រះនាមបទុមុត្តរៈជាសាស្តា លុះទ្រង់ហោះឡើងហើយ ក៏ឋិតនៅឰដ៏អាកាស ទើបសម្តែងនូវគាថាទាំងនេះ ថា
បុគ្គលណា សរសើរញាណនេះ ប្រកបដោយឧបមាទាំងឡាយ តថាគតនឹងសម្តែងសរសើរនូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះនឹងបានជាទេវរាជ អស់ ១៨ ដង នឹងសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង។ នឹងបានជាស្តេចចក្រពត្តិ ២៥ ដង (បានគ្រប់គ្រង) នូវប្រទេសរាជ្យដ៏ធំទូលាយ រាប់បានអសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រិយ៍ឱក្កាកៈ នឹងទ្រង់កើតឡើងក្នុងលោក។ បុគ្គលនោះ ច្យុតចាកតុសិតទេវលោកមក ត្រូវកុសលមូលដាស់តឿន ទោះជាអ្នកថោកទាបដោយជាតិ ឈ្មោះថាឧបាលិក៏ដោយ។ តែលុះដល់កាលជាខាងក្រោយ ឧបាលិនោះនឿយណាយនឹងអំពើបាប ក៏ចេញបួស កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ID: 637642090467213172
ទៅកាន់ទំព័រ៖