ព្រះត្រៃបិដក ភាគ ៧២

លុះ​កុលបុត្ត​នោះ ច្យុត​ចាក​កាយ​នោះ នឹង​ទៅ​កើត​ក្នុង​ទេវលោក នឹង​បាន​នូវ​ប្រាសាទ​ដ៏​ប្រសើរ ដែល​ជាទី​គាប់ចិត្ត​ក្នុង​ទេវលោក​នោះ។ លុះ​ច្យុត​ចាក​ទេវលោក ត្រូវ​កុសល​មូល​ដាស់តឿន ទើប​មកកាន់​អត្តភាព​ជា​មនុស្ស មាន​នាម​ថា​សោ​ណៈ។ សោ​ណមាណព ប្រារព្ធ​ព្យាយាម មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន តាំងនៅ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។ ព្រះ​អនន្ត​ទស្សី​មាន​ព្រះ​ភាគ​ព្រះនាម​គោតម ជាស​ក្យៈ​ប្រសើរ ទ្រង់​ជ្រាប​វិសេស មាន​ព្យាយាម​ធំ នឹង​តាំង (សោ​ណៈ​នោះ) ក្នុង​ឋានៈ​ដ៏​ប្រសើរ។
 កាល​ភ្លៀង​ធ្លាក់​លិច​ស្មៅ​អស់ ៤ ធ្នាប់ នៅសល់​មួយ​ធ្នាប់ ត្រូវ​ខ្យល់បក់​ទៀត (នៅតែ​ប្រឹង​ដុះ) វៀរលែងតែ​តា​ទិ​បុគ្គល អ្នកមាន​ព្យាយាម មិន​មាន​អ្វី​ប្រឹង​លើស​ជាង​ស្មៅ​នោះ​ទៀត​ទេ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637642092767525634
ទៅកាន់ទំព័រ៖