ព្រះត្រៃបិដក ភាគ ៧២
ពួកជនទាំងពួង តែងថ្វាយនូវសដូវផង នំឈ្មោះបវាកៈផង អាមិសៈ ទឹក និងភោជនផង ដល់ព្រះសាស្តា ជាបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯខ្ញុំក៏គិតថា នឹងនិមន្តព្រះពុទ្ធដ៏ប្រសើរផង ព្រះសង្ឃដ៏ប្រសើរផង ហើយនឹងថ្វាយទានដល់ព្រះសម្ពុទ្ធ ជាទេវតាដ៏ក្រៃលែងជាងទេវតា ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ពួកជនទាំងនុ៎ះ ដែលខ្ញុំបញ្ជូនទៅឲ្យនិមន្ត ក៏បាននិមន្តព្រះតថាគតផង ភិក្ខុសង្ឃទាំងអស់ ជាបុញ្ញក្ខេត្តដ៏ប្រសើរផង។ ខ្ញុំបានក្រាលបល្ល័ង្ក មានថ្លៃមួយសែន ជាវិភារៈនៃមាស កម្រាលឈ្មោះគោណកៈ ព្រមដោយកម្រាលញាត់គ កម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោមផង កម្រាលដែលធ្វើដោយសម្បកឈើ កម្រាលដែលត្បាញដោយអំបោះផង។ ខ្ញុំក្រាលនូវអាសនៈ មានថ្លៃដ៏ច្រើនគួរដល់ព្រះពុទ្ធ ឯព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ ទ្រង់កុះករដោយភិក្ខុសង្ឃ ស្តេចចូលមកកាន់ទ្វារផ្ទះរបស់ខ្ញុំ ខ្ញុំក្រោកទទួលព្រះសម្ពុទ្ធ ជាលោកនាថដ៏ទ្រង់យស។
ID: 637642093456275648
ទៅកាន់ទំព័រ៖