ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ញុំាងភិក្ខុសង្ឃមួយសែនអង្គ ទាំងព្រះពុទ្ធជាលោកនាយក ឲ្យចូលមកកាន់ផ្ទះរបស់ខ្លួន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ (ញុំាងព្រះសម្ពុទ្ធ និងភិក្ខុសង្ឃ) ឲ្យឆ្អែតស្កប់ស្កល់ដោយចង្ហាន់ដ៏ថ្លៃថ្លា ព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយត្រាស់នូវគាថាទាំងនេះថា
កុលបុត្តណា ថ្វាយអាសនៈជាវិការៈនៃមាស ក្រាលដោយកម្រាលគោណកៈនេះ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៤ ដង នឹងសោយទិព្វសម្បត្តិ មានពួកស្រីអប្សរចោមរោម នឹងបានគ្រប់គ្រងផែនដី បានជាស្តេចក្នុងប្រទេសមួយពាន់ដង។ នឹងកើតជាស្តេចចក្រពត្តិ អស់ចំនួន ៥១ ដង នឹងបានជាអ្នកមានត្រកូលខ្ពស់ ក្នុងកំណើតដែលមានក្នុងភពទាំងពួង។
ID: 637642093703931827
ទៅកាន់ទំព័រ៖