ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ដឹង​នូវ​ធម៌​របស់​ព្រះធម្មរាជ​នោះ​ហើយ ត្រេកអរ​នឹង​សាសនា កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ ព្រះ​នាយក ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​បរិនិព្វាន មិន​មាន​ឧបាទាន ដូច​ប្រទីប​ដែល​រលត់ ព្រោះ​អស់​ប្រេង។ ព្រះ​ស្តូប​ជា​វិការៈ​នៃ​កែវ ប្រកបដោយ​យោជន៍ ៧ ណា ខ្ញុំ​បាន​បូជា​ទង់​ដ៏​ល្អ ជាង​ទង់​ទាំងអស់ ជាទី​រីករាយ​នៃ​ចិត្ត ចំពោះ​ព្រះ​ស្តូប​នោះ។ កូន​ដែល​កើតអំពី​ទ្រូង​របស់ខ្ញុំ ឈ្មោះ​តិស្សៈ ជា​អគ្គសាវ័ក​របស់​ព្រះពុទ្ធ ព្រះ​នា​មកស្សបៈ ជា​ទាយាទ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី។ ខ្ញុំ​មានចិត្ត​ថោកទាប បាន​ពោល​ពាក្យ​មិន​ពីរោះ ដល់​ព្រះ​តិស្សៈ​នោះ ព្រោះតែ​ផលកម្ម​ប៉ុណ្ណោះ ទើប​ខ្ញុំ​មាន​សេចក្តីល្អ ក្នុង​កាល​ជា​ខាងក្រោយ​បំផុត។ ព្រះ​មុនី​ទ្រង់​មាន​ព្យាយាម​ធំ ស្វែងរក​ប្រយោជន៍ មាន​សេចក្តី​ករុណា ទ្រង់​ឈ្នះ​កិលេស បាន​បំបួស​ខ្ញុំ ក្នុង​បច្ឆិម​សយនៈ ក្នុង​សាលវ័ន ជាទី​សម្រាប់​ចេញចូល។ ឥឡូវនេះ បព្វជ្ជា (របស់ខ្ញុំ) មាន​ក្នុងថ្ងៃនេះ ឧបសម្បទា ក៏​មាន​ក្នុងថ្ងៃនេះ បរិនិព្វាន​ក៏​មាន​ក្នុងថ្ងៃនេះ ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្រ្ត​នៃ​ព្រះសម្ពុទ្ធ ទ្រង់​ឧត្តម​ជាង​សត្វ​ជើង​ពីរ។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637642097711457726
ទៅកាន់ទំព័រ៖