ព្រះត្រៃបិដក ភាគ ៧២

ព្រះសម្ពុទ្ធ មាន​សេចក្តី​សង្ស័យ​កន្លង​បង់​ហើយ មាន​ពួក​ព្រះ​ខីណាស្រព​ដែល​មាន​អន្លង់​ឆ្លងផុត ចោមរោម​ហើយ ព្រះអង្គ​គង់នៅ​ក្នុង​ភិក្ខុសង្ឃ ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា
 កុលបុត្ត​ណា បាន​ថ្វាយ​ដល់​តថាគត​នូវ​ចេតិយ​ដែល​ធ្វើ​ដោយ​ផ្កា មាន​ក្លិន​ដូចជា​ទិព្វ​ផ្សាយ​ទៅ តថាគត​នឹង​សម្តែង​សរសើរ​នូវ​កុលបុត្ត​នោះ អ្នក​ទាំងឡាយ​ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ បុរស​នេះ លុះ​ច្យុត​ចាក​អត្តភាព​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​ទេវលោក មាន​ពួក​ទេវតា​ចោមរោម ជា​អ្នក​បរិបូណ៌​ដោយ​ផ្កាម្លិះ។ ទីនៅ​របស់​កុលបុត្ត​នោះ ដ៏​ខ្ពស់​ជា​វិការៈ​នៃ​មាស និង​កែវមណី ប្រាសាទ​ទាំងឡាយ ដែល​បុញ្ញកម្ម​តាក់តែង​ហើយ នឹង​កើត​ប្រាកដ។ កុលបុត្រ​នោះ នឹង​សោយ​ទេវ​រាជ្យ នឹង​សោយ​ទិព្វ​សម្បត្តិ មាន​ពួក​ស្រ្តី​អប្សរ​ចោមរោម​អស់ ៧៤ ដង។ នឹង​បាន​សោយរាជ​សម្បត្តិ​លើ​ផែនដី គ្រប់គ្រង​ផែនដី​អស់ ៣០០ ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៥ ដង។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637642098376770053
ទៅកាន់ទំព័រ៖