ព្រះត្រៃបិដក ភាគ ៧២
កុលបុត្តនោះ នឹងកើតជាក្សត្រ ជាអធិបតីនៃមនុស្ស មាននាមថាទុជ្ជយៈ អាស្រ័យនូវបុញ្ញកម្មរបស់ខ្លួន ហើយរងនូវផលបុណ្យនោះ។ កុលបុត្តនោះនឹងមិនទៅយកកំណើតជាវិនិបាតឡើយ ទៅយកអត្តភាពតែជាមនុស្ស កុលបុត្តនោះ បានសន្សំប្រាក់ទុកច្រើនរាប់រយកោដិ។ កុលបុត្តនោះ នឹងកើតក្នុងកំណើតជាព្រាហ្មណ៍ ជាអ្នកចេះដឹង មានប្រាជ្ញា ជាឱរស ជាទីស្រឡាញ់នៃវង្គន្តព្រាហ្មណ៍ និងនាងសារីញ្រហ្មណី។ លុះកាលជាខាងក្រោយ កុលបុត្តនោះ មាននាមថាចូឡចុន្ទៈ នឹងបានបួសក្នុងសាសនារបស់ព្រះសម្ពុទ្ធ ជាអង្គីរស នឹងបានជាសាវ័ករបស់ព្រះសាស្តា។ ចូឡចុន្ទៈនោះ ជាសាមណេរ មានសន្តានស្ងប់ស្ងាត់ បានជាព្រះខីណាស្រព កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ខ្ញុំបានបម្រើព្រះសម្ពុទ្ធ មានព្យាយាមធំផង បម្រើពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ដទៃច្រើនអង្គផង បម្រើព្រះថេរៈជាបងនៃខ្ញុំផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។
ID: 637642098708489185
ទៅកាន់ទំព័រ៖