ព្រះត្រៃបិដក ភាគ ៧២
សបរិវារាសនត្ថេរាបទាន ទី៦
[៥៨] ខ្ញុំដើរទៅកាន់ទីសៅហ្មង ដែលគេគ្របដោយផ្កាមល្លិកាទាំងឡាយ ហើយបានថ្វាយចង្ហាន់បិណ្ឌបាតដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ព្រះសម្ពុទ្ធ អគ្គនាយកក្នុងលោក ទ្រង់មានសន្តានត្រង់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ទ្រង់គង់លើអាសនៈនោះ ហើយសម្តែងសរសើរនូវចង្ហាន់បិណ្ឌបាតថា
ពូជសូម្បីបន្តិចដែលគេសាបព្រោះហើយ ក្នុងស្រែដ៏ល្អ ទាំងភ្លៀងក៏បង្ហូរទរទឹកដោយស្រួល ផលរមែងញុំាងអ្នកម្ចាស់ស្រែឲ្យត្រេកអរ យ៉ាងណាមិញ។ ចង្ហាន់បិណ្ឌបាតនេះ ដែលអ្នកតម្កល់ទុកហើយ ក្នុងបុញ្ញកេ្ខត្រដ៏ល្អ ផលនឹងធ្វើអ្នកឲ្យត្រេកអរក្នុងភពដែលអ្នកកើត ក៏យ៉ាងនោះដែរ។
លុះព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ បានត្រាស់នូវពាក្យនេះហើយ ទ្រង់ទទួលចង្ហាន់បិណ្ឌបាត បែរព្រះភក្រ្តឆ្ពោះទៅកាន់ឧត្តរទិស ទ្រង់ចៀសចេញទៅ។ ខ្ញុំសង្រួមល្អក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ប្រកបរឿយៗ នូវវិវេក ជាអ្នកមិនមានអាសវៈ គឺកិលេសជាគ្រឿងត្រាំក្នុងចិត្ត។
ID: 637642102597238804
ទៅកាន់ទំព័រ៖