ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​រើស​ស្លឹក​ពោធិ​ដែល​ជ្រុះ​មក យក​ទៅ​ចោល​ខាងក្រៅ​ខឿន ខ្ញុំ​បាន​ថ្វាយបង្គំ​ពោធិព្រឹក្ស​ដ៏​ប្រសើរ ដូច​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ចំពោះ​ព្រះ​ភក្រ្ត ទ្រង់​ស្អាត​ខាងក្នុង ស្អាត​ខាងក្រៅ ទ្រង់​មានព្រះហឫទ័យ​ផុត​ស្រឡះ ទាំង​មិន​មាន​អាសវៈ។ ព្រះ​សាស្តា​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ភិក្ខុសង្ឃ ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា
 កុលបុត្ត​នោះ នឹង​មិនទៅ​កាន់​ទុគ្គតិ អស់​មួយ​សែន​កប្ប ដោយ​ផល​ទាំង ២ យ៉ាង គឺ ការ​ថ្វាយ​ទង់ និង​ការបម្រើ​នេះ។ កុលបុត្ត​នោះ នឹង​ទទួល​នូវ​ភាពជា​ទេវតា មានជោគ​ល្អ ជាច្រើន​ជាតិ​រាប់មិនអស់ ក្នុង​ឋាន​ទេវលោក។ នឹង​បាន​ជា​ស្តេច​ក្នុង​ដែន​អស់​ច្រើន​រយ​ជាតិ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ព្រះនាម​ឧគ្គ​តៈ។ កុលបុត្ត​នោះ លុះ​ទទួល​សម្បត្តិ​ហើយ មាន​កុសល​មូល​ដាស់តឿន នឹង​បាន​ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637642103753645071
ទៅកាន់ទំព័រ៖