ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ដាំ (ដើម​ធ្នង់) ជា​ពោធិព្រឹក្ស​ដ៏​ឧត្តម ថ្វាយព្រះ​មាន​ព្រះ​ភាគ ព្រះនាម​តិស្សៈ ជា​ច្បង​ក្នុង​លោក ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ លុះ​ដើម​ធ្នង់​នោះ ដុះឡើង​ផុត​អំពី​ផែនដី ខ្ញុំ​ក៏បាន​ថែទាំ​ដើម​ធ្នង់ ជា​ពោធិ​ដ៏​ឧត្តម​នោះ​អស់ ៥ ឆ្នាំ។ ខ្ញុំ​បានឃើញ​ដើម​ធ្នង់​មាន​ផ្កា​ល្អ​ចំឡែក គួរ​ព្រឺរោម ហើយក៏​ប្រកាស​នូវ​កម្ម​របស់​ខ្លួន ទើប​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ គ្រានោះ​ឯង ព្រះសម្ពុទ្ធ​ព្រះនាម​តិស្សៈ ជា​សយម្ភូ​អគ្គបុគ្គល​នោះ ទ្រង់​គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​ទ្រង់​សម្តែង​នូវ​គាថា​ទាំងនេះ​ថា
 កុលបុត្ត​ណា ដាំ​ដើមឈើ​ជា​ពោធិព្រឹក្ស​នេះ​ផង ធ្វើ​ពុទ្ធបូជា​ដោយ​គោរព​ផង តថាគត​នឹង​សម្តែង​សរសើរ​នូវ​កុលបុត្ត​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ កុលបុត្ត​នោះ នឹង​បាន​នូវ​ទេវ​សម្បត្តិ​ក្នុង​ទេវលោក​អស់ ៣០ កប្ប នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​អស់ ៦៤ ដង។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637642105190051431
ទៅកាន់ទំព័រ៖