ព្រះត្រៃបិដក ភាគ ៧២
លុះច្យុតចាកតុសិតទេវលោក មានកុសលមូលដាស់តឿន នឹងបាននូវសម្បត្តិទាំងពីរ ហើយនឹងត្រេកអរក្នុងអត្តភាពជាមនុស្ស។ កុលបុត្តនោះ មានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ខ្ញុំប្រកបរឿយៗ ក្នុងទីស្ងាត់ មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស ជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមពោធិ (ថ្វាយព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ) ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការដាំដើមពោធិ។ ក្នុងកប្បទី ៧៤ អំពីភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ មានព្រះនាមប្រាកដថាទណ្ឌសេនៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ ក្នុងកាលនោះ។ ក្នុងកប្បទី ៧៣ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាធំលើផែនដី ៧ ដង មានព្រះនាមថាសមន្តនេមិដូចគ្នា។
ID: 637642105527395141
ទៅកាន់ទំព័រ៖