ព្រះត្រៃបិដក ភាគ ៧២
សទ្ធាមិនញាប់ញ័រដែលបុគ្គលណា តម្កល់ល្អហើយចំពោះព្រះតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ។
ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរ ឱ ! ពូជដ៏ល្អ គឺបុណ្យ ខ្ញុំជាបក្សី បណ្តុះទុកល្អហើយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ៨ ដង មានព្រះនាមដូចគ្នា គឺព្រះនាមថាសុចារុទស្សនៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបច្ចាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បច្ចាគមនិយត្ថេរាបទាន។
ID: 637642107237863800
ទៅកាន់ទំព័រ៖