ព្រះត្រៃបិដក ភាគ ៧២
ភិសទាយកត្ថេរាបទាន ទី៥
[៦៧] ព្រះពុទ្ធ ព្រះនាមវេស្សភូ ជាបុរសដ៏ឧត្តម ជាព្រះពុទ្ធទី ៣ របស់ពួកព្រះពុទ្ធ ទ្រង់ស្វែងរក (នូវគុណធំ) ស្តេចទៅគង់នៅក្នុងព្រៃផ្សៃ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់ក្រអៅឈូក ហើយដើរទៅក្នុងទីជិតនៃព្រះពុទ្ធ ថ្វាយក្រអៅឈូកនោះ ចំពោះព្រះពុទ្ធដោយដៃរបស់ខ្លួន។ ព្រះពុទ្ធ ព្រះនាមវេស្សភូ មានព្រះប្រាជ្ញាដ៏ប្រសើរ ទ្រង់បានទទួលដោយព្រះហស្ត ខ្ញុំមិនដែលស្គាល់សុខណាដ៏ស្មើ ឬលើសជាងសុខ ដែលកើតអំពីបុណ្យនោះសោះឡើយ។ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំផ្តាច់ចំណង ដូចជាដំរី (ផ្តាច់ទន្លីង) ហើយជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយក្រអៅឈូក។ ក្នុងកប្បទី ១៣ ខ្ញុំបានជាស្តេចចក្រពត្តិ ១៦ ដង ព្រះនាមសមោធានៈដូចគ្នា ជាធំក្នុងពួកមនុស្ស មានកម្លាំងច្រើន។
ID: 637642108261457768
ទៅកាន់ទំព័រ៖