ព្រះត្រៃបិដក ភាគ ៧២

តិ​ណសន្ថា​រទាយ​កត្ថេ​រាប​ទាន ទី៦


 [៧៨] មាន​ស្រះ​កើត​ឯង​ធំ​មួយ នៅក្នុង​ទី​ជិត​នៃ​ព្រៃ​ហិមពាន្ត ជា​ស្រះ​ដេរដាស​ដោយ​ឧប្បល​ជាត​ឈ្មោះ​សត្ត​បត្តៈ(១) ជា​លំនៅ​នៃ​បក្សី​ផ្សេងៗ។ ខ្ញុំ​ងូត​ផង ផឹក​ផង ក្នុង​ស្រះ​នោះ ហើយ​នៅក្នុង​ទី​មិន​ឆ្ងាយ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​ប្រសើរ​របស់​ពួក​សមណៈ កំពុង​ស្តេច​ទៅ​ក្នុង​អាកាស។ ព្រះ​សាស្តា ព្រះអង្គ​ប្រសើរ​ផុត​ក្នុង​លោក បាន​ជ្រាប​បំណង​របស់ខ្ញុំ ហើយ​ទ្រង់​យាងចុះ​អំពី​អាកាស មក​ឋិត​លើ​ផែនដី​ក្នុងខណៈនោះ។ ខ្ញុំ​បាន​យក​កណ្តៀវ​ច្រូតស្មៅ មក​ថ្វាយ​ជា​គ្រឿង​គង់ ឯព្រះមានព្រះភាគ ព្រះអង្គ​ជា​ម្ចាស់​នៃ​លោក​ទាំង ៣ ជានា​យក គង់​លើ​ស្មៅ​នោះ។ ខ្ញុំ​បាន​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ថ្វាយបង្គំ​ព្រះ​លោកនាយក រួច​ដើរថយក្រោយ សំឡឹង​មើល​ព្រះពុទ្ធ ជាម​ហា​មុនី។ ខ្ញុំ​ក៏បាន​ទៅ​កើត​ឯឋាន​និម្មានរតី ដោយ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​នោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កម្រាល។
(១) ពាក្យ សត្ត​បត្តៈ នេះ ជា​ឈ្មោះ​ឧប្បល​ដែល​ដុះ​នៅក្នុង​ទឹក មាន​ស្លឹក ៧ ឬស្លឹក​មាន​ឆែក ៧ ឬក៏​ឈូក​មាន​ត្របក ៧។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637642118293183244
ទៅកាន់ទំព័រ៖