ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះបាដលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បាដលិបុប្ផិយត្ថេរាបទាន។
ឋិតញ្ជលិយត្ថេរាបទាន ទី៩
[៨១] ក្នុងភពមុន ខ្ញុំជាញ្រនម្រឹគនៅក្នុងព្រៃផ្សៃ បានឃើញព្រះសម្ពុទ្ធមានព្រះគុណ ៣២ ដ៏ប្រសើរក្នុងទីនោះ។ ខ្ញុំធ្វើអញ្ជលីចំពោះព្រះពុទ្ធ ព្រះអង្គគង់នៅលើកម្រាលស្លឹកឈើ ដែលខ្ញុំចាត់ចែងទុកក្នុងទីមិនឆ្ងាយអំពីទីនោះ ហើយខ្ញុំបែរមុខឆ្ពោះទៅទិសខាងកើត ដើរចៀសចេញទៅ។ លំដាប់នោះ ការធ្លាក់ចុះរន្ទះ ក៏ធ្លាក់ត្រូវក្បាលខ្ញុំ ក្នុងកាលនោះ ខ្ញុំក៏បានធ្វើអញ្ជលីម្តងទៀត ក្នុងកាលទៀបស្លាប់។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវអញ្ជលីកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអញ្ជលីកម្ម។ ក្នុងកប្បទី ៥៤ ខ្ញុំបានជាស្តេចចក្រពត្តិព្រះនាមមិគកេតុ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។
ID: 637642119663652328
ទៅកាន់ទំព័រ៖