ព្រះត្រៃបិដក ភាគ ៧២
តិមិរបុប្ផិយវគ្គ ទី៩
តិមិរបុប្ផិយត្ថេរាបទាន ទី១
[៨៣] ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក ក្បែរឆ្នេរស្ទឹងចន្ទភាគា ក៏បានឃើញព្រះសមណសម្ពុទ្ធ ព្រះអង្គកំពុងគង់ មានព្រះកាយស្អាតថ្លា មិនមានសៅហ្មង។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គនោះ ក្នុងគ្រានោះ ខ្ញុំក៏គិតយ៉ាងនេះថា ព្រះពុទ្ធនេះ ព្រះអង្គឆ្លងរួចហើយ នឹងញុំាងសត្វឲ្យឆ្លងផង ព្រះពុទ្ធនេះ មានឥន្រ្ទិយទូន្មានហើយ នឹងទូន្មាន (នូវពួកសត្វ) ផង។ ព្រះអង្គជាអ្នកស្រស់ស្រាយ នឹងញុំាងសត្វឲ្យស្រស់ស្រាយផង ព្រះអង្គជាអ្នកស្ងប់រម្ងាប់ នឹងញុំាងសត្វឲ្យស្ងប់រម្ងាប់ផង ព្រះអង្គរលត់ទុក្ខហើយ នឹងញុំាងសត្វឲ្យរលត់ផង។ លុះខ្ញុំគិតយ៉ាងនេះហើយ ទើបកាន់យកនូវផ្កាតិមិរព្រឹក្ស ហើយញ្រចទៅលើព្រះសិរ្សៈនៃព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ក្នុងកាលនោះ។
ID: 637642122031152583
ទៅកាន់ទំព័រ៖