ព្រះត្រៃបិដក ភាគ ៧២

បទុម​បុប្ផិ​យត្ថេ​រាប​ទាន ទី១០


 [៩២] ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃ ដែល​មាន​ស្រះ​ឈូក កំពុង​កាច់​ផ្កាឈូក បានឃើញ​ព្រះសម្ពុទ្ធ ព្រះ​នាម​ផុស្សៈ ទ្រង់​មាន​លក្ខណៈ ៣២ ប្រការ​ដ៏​ប្រសើរ។ ខ្ញុំ​បាន​យក​ផ្កាឈូក​បោះ​ឡើង​ទៅ​នាអាកាស (ថ្វាយព្រះ​អង្គ) ខ្ញុំ​រលឹក​ឃើញ​នូវ​បាបកម្ម​ហើយ ក៏​ចូល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា។ លុះ​ខ្ញុំ​បួស​ហើយ បាន​សង្រួមកាយ និង​ចិត្ត លះបង់​នូវ​វចីទុច្ចរិត ជម្រះ​នូវ​អាជីវ​បារិសុទ្ធិ​សីល។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១៨ ខ្ញុំ​បាន​កើតជា​ក្សត្រ ១៨ ដង និង ៤៨ ដង (៦៦) ជាធំ​លើ​ផែនដី ទ្រង់ព្រះ​នាម​បទុម​ភា​សៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទុម​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុម​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637642125827558911
ទៅកាន់ទំព័រ៖