ព្រះត្រៃបិដក ភាគ ៧២

គន្ធ​មា​លិ​យត្ថេ​រាប​ទាន ទី៥


 [៩៧] ខ្ញុំ​បាន​កសាង​ព្រះ​ស្តូប ប្រកបដោយ​គ្រឿងក្រអូប ស្រោប​បិទបាំង​ដោយ​ផ្កាម្លិះ ដ៏​សមគួរ​ដល់​ព្រះពុទ្ធ (ថ្វាយ) ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ។ (ខ្ញុំ​ថ្វាយបង្គំ) ព្រះសម្ពុទ្ធ​ជា​អគ្គនាយក​ក្នុង​លោក ប្រាកដ​ស្មើដោយ​ចេតិយ ជា​វិការៈ​នៃ​មាស ទ្រង់​រុងរឿង​ដូច​ផ្កា​រាជព្រឹក្ស ឬដូច​ភ្លើង​កំពុង​ឆេះ ទ្រង់​ប្រសើរ​ដូច​ខ្លាធំ និង​គោ​ឧសភៈ ឬដូច​កេសរ​រាជសីហ៍ មាន​ជាតិ​ដ៏​ខ្ពស់ ទ្រង់​គង់​លើ​អាសនៈ ទ្រង់​ជាកំពូល​នៃ​ពួក​សមណៈ មាន​ភិក្ខុសង្ឃ​ចោមរោម។ លុះ​ខ្ញុំ​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះ​សាស្តា​ហើយ បែរមុខ​ទៅ​ឧត្តរទិស ដើរចេញ​ទៅ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​ថ្វាយ​គ្រឿងក្រអូប និង​កម្រងផ្កា ក្នុង​កាលណា។ (កាលនោះ) ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ ដោយ​ផល​នៃ​សក្ការៈ​ដែល​ខ្ញុំ​ធ្វើ​ចំពោះ​ព្រះពុទ្ធ​ដោយ​វិសេស នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637642128008964554
ទៅកាន់ទំព័រ៖