ព្រះត្រៃបិដក ភាគ ៧២
មធុបិណ្ឌិកត្ថេរាបទាន ទី៧
[៩៩] ខ្ញុំបានឃើញព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ ប្រសើរជាងពួកឥសី គួរទទួលនូវគ្រឿងបូជាក្នុងព្រៃធំ ជាទីស្ងាត់មិនមានសំឡេង មិនមានការវឹកវរ ទ្រង់ជាមហានាគ មានទុក្ខរលត់ហើយ ជាបុរសអាជានេយ្យដ៏ប្រសើរ ទ្រង់រុងរឿងដូចផ្កាយព្រឹក មានពួកទេវតានមស្ការហើយ។ សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើនកើតឡើងមុន ញាណក៏កើតឡើងក្នុងវេលានោះដែរ ខ្ញុំថ្វាយទឹកឃ្មុំចំពោះព្រះសាស្តា ដែលទើបចេញអំពីសមាធិ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះបាទារបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដោយសិរ្សៈ ហើយបែរមុខទៅទិសខាងកើត ដើរចេញទៅ។ ក្នុងកប្បទី ៣៤ ខ្ញុំកើតជាស្តេចឈ្មោះសុទស្សនៈ មានទឹកឃ្មុំហូរចេញអំពីក្រអៅឈូក (ស្រក់ចុះទៅ) ក្នុងភោជនក្នុងវេលានោះ ទាំងភ្លៀងទឹកឃ្មុំ ក៏បង្អុរចុះ នេះជាផលនៃបុព្វកម្ម។
ID: 637642128956777011
ទៅកាន់ទំព័រ៖