ព្រះត្រៃបិដក ភាគ ៧២

សារី​បុ​ត្ត​ត្ថេ​រាប​ទាន ទី៣


អ្នក​ទាំងឡាយ​ចូរ​ស្តាប់​ថេ​រាប​ទាន ដូចតទៅ​នេះ
 [៣] មាន​ភ្នំ​មួយ​ឈ្មោះ លម្ព​កៈ នៅក្នុង​ទី​មិន​ឆ្ងាយ​អំពី​ភ្នំ​ហិមពាន្ត គេ​បាន​សង់​អាស្រម សាង​បណ្ណសាលា​ឲ្យ​ខ្ញុំ។ ស្ទឹង​មាន​ច្រាំង​ដ៏​រាក់ មាន​កំពង់​ល្អ ជាទី​គាប់ចិត្ត ដ៏​ដេរដាស​ដោយ​ផ្នូកខ្សាច់​ដ៏​ស្អាត មាន​ក្នុង​ទី​មិន​ឆ្ងាយ​អំពី​អាស្រម​ខ្ញុំ។ ស្ទឹង (នោះ) មិន​មាន​ក្រួសរវាន មិន​ចោត មាន​ទឹក​ដ៏​ឆ្ងាញ់ មិន​មាន​ក្លិនអាក្រក់ តែង​ហូរ​ទៅ​ក្នុង​ទីនោះ ជា​លម្អ​ដល់​អាស្រម​ខ្ញុំ។ មាន​ក្រពើ មករ ឆ្លាម អណ្តើក លេង​ក្នុង​ស្ទឹង​នុ៎ះ ហែបហែល​ក្នុង​ស្ទឹង​នោះ ជា​លម្អ​ដល់​អាស្រម​ខ្ញុំ។ មាន​ទាំង​ត្រី​ស្លាត ត្រី​សណ្តាយ ត្រីក្រាញ់ ត្រី​ក្រពុលបាយ ត្រី​ឆ្ពិន ត្រី​ខ្ជឹង តែង​ហែល​ឆ្វៀលឆ្វាត់​ទៅមក ជា​លម្អ​ដល់​អាស្រម​ខ្ញុំ។ នៅ​ត្រើយ​ស្ទឹង​ទាំងសងខាង មាន​ដើមឈើ​ដ៏​សម្បូណ៌​ដោយ​ផ្កា និង​ផ្លែ​សំយុង​ចុះ​មក​អំពី​ត្រើយ​ស្ទឹង​ទាំងសងខាង ជា​លម្អ​ដល់​អាស្រម​ខ្ញុំ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637641342825973204
ទៅកាន់ទំព័រ៖