ព្រះត្រៃបិដក ភាគ ៧២

(ពួក​ព្រាហ្មណ៍​ទាំងនោះ) ជា​អ្នកចេះ​បទ ចេះ​វេយ្យាករណ៍ ដល់​នូវ​ត្រើយ​នៃ​វិជ្ជា​ក្នុង​សទ្ធម្ម គឺ​លក្ខណ​សាស្រ្ត ឥតិហាស​សាស្រ្ត ព្រមទាំង​និ​ឃណ្ឌុ​សាស្រ្ត និង​កេដុភ​សាស្រ្ត។ ពួក​សិស្សរបស់​ខ្ញុំ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ឧត្បាត ក្នុង​និម្មិត និង​លក្ខណៈ​ទាំងឡាយ បាន​សិក្សា​ល្អ​ក្នុង​ផែនដី ក្នុង​ទី​ក្នុង​អាកាស។ ពួក​សិស្ស​ទាំង​នុ៎ះ ជា​អ្នក​ប្រាថ្នា​តិច មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន មាន​អាហារ​តិច មិន​ល្មោភ សន្តោស​ដោយ​លាភ និង​ឥត​លាភ តែង​ចោមរោម​ខ្ញុំ​សព្វកាល។ ពួក​សិស្ស​ទាំង​នុ៎ះ ជា​អ្នកប្រាជ្ញ មាន​ឈាន ត្រេកអរ​ក្នុង​ឈាន មានចិត្ត​ស្ងប់​រម្ងាប់ មាន​សមាធិ ប្រាថ្នា​នូវ​ការ​មិន​មាន​កង្វល់ តែង​ចោមរោម​ខ្ញុំ​សព្វកាល។ ពួក​សិស្ស​ទាំង​នុ៎ះ ជា​អ្នកប្រាជ្ញ​ដល់​នូវ​ត្រើយ​នៃ​អភិញ្ញា ត្រេកអរ​ក្នុង​គោចរ ជា​កេរ្ត៍​នៃ​បិតា ត្រាច់​ទៅ​ក្នុង​អាកាស​បាន តែង​ចោមរោម​ខ្ញុំ​សព្វកាល។ ពួក​សិស្ស​ខ្ញុំ​នោះ ជា​អ្នកប្រាជ្ញ សង្រួម​ក្នុង​ទ្វារ ៦ មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ មាន​ឥន្រ្ទិយ​រក្សា​ហើយ មិន​ច្រឡូកច្រឡំ (ដោយ​ពួក​គណៈ) ដែលគេ​គ្រប​សង្កត់​បាន​ដោយ​ក្រ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637641344289566957
ទៅកាន់ទំព័រ៖