ព្រះត្រៃបិដក ភាគ ៧២
មានក្បាច់ផ្កាឈូកគួរក្រឡេកមើល ស្រស់ដោយរូបម្រឹគ និងបក្សី ដេរដាសដោយរូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ្រ និងព្រះអាទិត្យ ទាំងដាសពាសដោយបណ្តាញមាស ប្រកបដោយកណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយកម្លាំងខ្យល់។ (ផ្ទៃនៃប្រាសាទនោះ) មានទង់ពណ៌ហង្សបាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រល្អដោយពណ៌ផ្សេងៗ ប្រកបរបៀបទង់ដែលគេលើកឡើង។ មានផែនក្តារផ្សេងៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារកែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ។ (ផ្ទៃខាងក្នុងប្រាសាទនោះ) វិចិត្រដោយសយនៈផ្សេងៗ ក្រាលដោយសំពត់កាសិកៈ មានសាច់ល្អិត សំពត់រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ។ តថាគតបានក្រាលនូវកម្រាលផ្សេងៗ ទាំងអស់ ដោយចិត្តឯង តថាគតតាក់តែងនូវហោជាងកែវ ក្នុងជាន់នោះៗ។
ID: 637641332732357866
ទៅកាន់ទំព័រ៖