ព្រះត្រៃបិដក ភាគ ៧២

ពួក​សិស្សរបស់​ខ្ញុំ​ទាំងនោះ ដែលគេ​គ្រប​សង្កត់​បាន​ដោយ​ក្រ រមែង​ញុំា​ងរា​ត្រី​ឲ្យ​កន្លងទៅ ដោយ​ការ​អង្គុយ​ផ្គត់ភ្នែន ការ​ឈរ និង​ការ​ចង្រ្កម។ ពួក​សិស្សរបស់​ខ្ញុំ ដែលគេ​គ្រប​សង្កត់​បាន​ដោយ​ក្រ រមែង​មិន​ត្រេកត្រអាល​ក្នុង​អារម្មណ៍ ដែល​គួរ​ត្រេកអរ មិន​ខឹង​ក្នុង​អារម្មណ៍​ដែល​គួរ​ខឹង មិន​វង្វេង​ក្នុង​អារម្មណ៍​ដែល​គួរ​វង្វេង។ ពួក​សិស្ស​ទាំងនោះ កាល​ល្បង​ឫទ្ធិ រមែង​ប្រព្រឹត្ត​អស់​កាល​ជានិច្ច ពួក​សិស្ស​ទាំងនោះ តែង​ញុំាង​ផែនដី​ឲ្យ​ញាប់ញ័រ ជា​បុគ្គល​ដែលគេ​មិន​ងាយ​គ្រប​សង្កត់​បាន ដោយ​ការ​ប្រណាំងប្រជែង។ ពួក​សិស្ស​ទាំងនោះ កាលបើ​លេង រមែង​លេង​តែ​ឈាន តែង​យក​ផ្លែ​ព្រីង​អំពី​ដើម​ព្រីង ពួក​សិស្សរបស់​ខ្ញុំ ជា​បុគ្គល​ដែលគេ​គ្រប​សង្កត់​បាន​ដោយ​ក្រ។ ពួក​ខ្លះទៅ​គោយានទ្វីប ពួក​ខ្លះទៅ​បុព្វវិទេហ​ទ្វីប ពួក​ខ្លះទៅ​កាន់​ឧត្តរកុរុ​ទ្វីប ពួក​សិស្ស​ខ្ញុំ គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ។ ពួក​សិស្ស​ទាំងនោះ រមែង​បញ្ជូន​នូវ​អម្រែក​ទៅ​មុន ពួក​សិស្ស​ទាំងនោះ រមែង​ទៅ​ខាងក្រោយ ទាំង​ផ្ទៃ​អាកាស​ក៏​សឹងតែ​បិទបាំង ដោយ​ពួក​តាបស ២៤ ពាន់​រូប។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637641344510973202
ទៅកាន់ទំព័រ៖