ព្រះត្រៃបិដក ភាគ ៧២
ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តិដ៏សមគួរ ប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរកគ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិចៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំដោយត្បូង។ ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្សទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈចោមរោមហើយ នៅក្នុងអាស្រមនោះ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និងក្លិនទាំងពីរ គឺ ក្លិនផ្កា និងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មានពួកសិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង។ ក្លិនទាំងឡាយ របស់ផ្កាឈើ ដែលកំពុងផ្កា និងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែងផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ខ្ញុំឲ្យរុងរឿង។ ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មានបញ្ញាខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់យកនូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ។
ID: 637641345369879380
ទៅកាន់ទំព័រ៖