ព្រះត្រៃបិដក ភាគ ៧២

មើល​លក្ខណៈ​ថា ព្រះពុទ្ធ​មែន​ឬហ្ន៎ ឬក៏​មិនមែន​ជា​ព្រះពុទ្ធ​ទេ​អេះ បើ​ដូច្នោះ អាត្មាអញ​នឹង​សង្កេតមើល​នូវ​ព្រះសម្ពុទ្ធ​ព្រះអង្គ​មាន​ចក្ខុ។ ចក្រ​ទាំងឡាយ​មាន​កាំ​មួយ​ពាន់ ក៏​ប្រាកដ​ក្នុង​ផ្ទៃ​ព្រះ​បាទា​ដ៏​ប្រសើរ លុះ​ខ្ញុំ​ឃើញ​លក្ខណៈ របស់​ព្រះសម្ពុទ្ធ​នោះ​ហើយ ក៏​ដល់​នូវ​សេចក្តី​ចូលចិត្ត ចំពោះ​ព្រះ​តថាគត។ ក្នុង​គ្រានោះ ខ្ញុំ​ចាប់​យក​អំបោស​មក​បោស​លំនៅ រួចហើយ​ប្រមូល​យក​ផ្កា ៨ ក្តាប់​មក​បូជា​ចំពោះ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ លុះ​ខ្ញុំ​បូជា​ចំពោះ​ព្រះពុទ្ធអង្គ​នោះ ជា​បុគ្គល​ឆ្លង​ឱឃៈ មិន​មាន​អាសវៈ​ហើយ ទើប​ធ្វើ​នូវ​ស្បែក​ខ្លា​ឆៀង​ស្មា​ម្ខាង រួច​នមស្ការ​ចំពោះ​ព្រះសម្ពុទ្ធ ជានា​យក​នៃ​សត្វលោក។ ព្រះសម្ពុទ្ធ ព្រះអង្គ​មិន​មាន​អាសវៈ សម្រេច​ដោយ​ញាណ​ណា ខ្ញុំ​នឹង​សម្តែង​នូវ​ញាណ​របស់​ព្រះអង្គ​នោះ សូមអ្នក​ទាំងឡាយ​ស្តាប់​ខ្ញុំ​សម្តែង​ចុះ។ បពិត្រ​ព្រះអង្គ ជា​ព្រះសយម្ភូ​មានក​រុ​ណា​មិន​មាន​ប្រមាណ សូម​ព្រះអង្គ​ស្រង់​សត្វលោក​នេះ​ឲ្យ​ទាន ដ្បិត​ពួក​សត្វ​នឹង​ឆ្លង​នូវ​ខ្សែទឹក គឺ​សេចក្តី​សង្ស័យ​បាន ព្រោះ​អាស្រ័យ​នូវ​ការ​ចួប​ប្រទះ​នឹង​ព្រះអង្គ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637641345843473118
ទៅកាន់ទំព័រ៖