ព្រះត្រៃបិដក ភាគ ៧២
ព្រះអង្គជាសាស្តាចារ្យផង ទុកដូចជាទង់ផង ដូចជាទង់ជ័យផង ដូចជាប្រាសាទរបស់ពួកសត្វ ព្រះអង្គជាអ្នកដឹកនាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គលប្រសើរជាងសត្វជើងពីរផង។ ទឹកក្នុងសមុទ្រគេអាចវាល់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចវាល់បានឡើយ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ។ គេអាចវាស់អាកាសដោយខ្សែ ឬដោយម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងវាស់បានឡើយ។ បុគ្គលគប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បីយកពុទ្ធញ្ញាណ មកប្រកបដោយឧបមាបានឡើយ។ ចិត្តរបស់សត្វទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ព្រមទាំងទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅខាងក្នុងនៃសំណាញ់ញាណរបស់ព្រះអង្គ។
ID: 637641346108786083
ទៅកាន់ទំព័រ៖