ព្រះត្រៃបិដក ភាគ ៧២
មហាវីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺទិដ្ឋិ ដែលវង្វេងហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ។ ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វីរារាំងបាន រមែងមិនកន្លងនូវញាណរបស់ព្រះអង្គបានឡើយ។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ (ទ្រង់ឈ្នះមារ) ចេញអំពីសមាធិហើយ ទ្រង់ប្រមើលមើលទិស។ សាវ័កឈ្មោះ និសភៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នកបរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បានដឹងព្រះហឫទ័យរបស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជាលោកនាយក។ ពួកសាវ័កទាំងនោះ ឋិតនៅឰដ៏អាកាស ធ្វើប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ព្រះពុទ្ធ។
ID: 637641347042379428
ទៅកាន់ទំព័រ៖