ព្រះត្រៃបិដក ភាគ ៧២
ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាលពួកភិក្ខុ ហើយធ្វើនូវការញញឹមឲ្យប្រាកដ។ (លំដាប់នោះ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមអនោមទស្សី ធ្វើនូវចីវរឆៀងស្មាម្ខាង ហើយទូលសួរព្រះសម្ពុទ្ធ ជានាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការញញឹមរបស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធទាំងឡាយ មិនដែលធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបសណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគតនឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ពួកទេវតាទាំងអស់នោះ ព្រមទាំងមនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នាចូលមកគាល់ព្រះសម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ។
ID: 637641347325505348
ទៅកាន់ទំព័រ៖