ព្រះត្រៃបិដក ភាគ ៧២

ពួក​ទេវតា​មាន​ឫទ្ធិ​ច្រើន ក្នុង​លោកធាតុ​ទាំង ១០ ចង់​ស្តាប់​ព្រះ​សទ្ធម្ម ក៏​ចូល​មក​គាល់​ព្រះសម្ពុទ្ធ។ សេនា​មាន​អង្គ ៤ គឺ​សេនា​ដំរី ១ សេនា​សេះ ១ សេនា​រថ ១ សេនា​ថ្មើរជើង ១ នឹង​ចោមរោម​តាបស​នេះ អស់​កាល​ជានិច្ច នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ពួក​ដូរ្យត​ន្រ្តី ៦០ ពាន់ ស្គរ​ទាំងឡាយ​ដែល​តាក់តែង​ល្អ នឹង​បម្រើ​តាបស​នេះ អស់​កាល​ជានិច្ច នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ពួក​ស្រ្តី ១៦ ពាន់ ពួក​នារី​ដែល​តាក់តែង​ល្អ មាន​សំពត់ និង​គ្រឿងប្រដាប់​ដ៏​វិចិត្រ ពាក់​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី ពួក​នារី​ទាំងនោះ មានមុខ​ទូលាយ ស្រស់ស្រាយ មាន​សញ្ញា​ដ៏​ល្អ មាន​ដងខ្លួន​ពាក់កណ្តាល​ដ៏​រៀវ នឹង​ចោមរោម​តាបស​នេះ អស់​កាល​ជានិច្ច នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ (សុ​រុ​ចិ​តាបស) នឹង​រីករាយ​ក្នុង​ទេវលោក អស់​មួយ​សែន​កប្ប នឹង​បាន​ជា​សេ្តច​ចក្រ​ពត្រ​ក្នុង​ដែន អស់​មួយ​ពាន់​ដង។ បាន​ជា​ព្រះ​ឥន្រ្ទ​សោយរាជ្យ​ក្នុង​ឋាន​ទេវតា អស់​មួយ​ពាន់​ដង នឹង​សោយរាជ្យ​ក្នុង​ប្រទេស​ដ៏​ទូលាយ មិន​អាច​រាប់​បាន។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637641347572379413
ទៅកាន់ទំព័រ៖