ព្រះត្រៃបិដក ភាគ ៧២

ព្រះ​សារីបុត្ត​នេះ ជា​បុគ្គល​អង់អាច​ភ្លៀវក្លា ក្នុង​ការ​បែកធ្លាយ ៣ យ៉ាង ដល់​នូវ​បញ្ញាបារមី នឹង​ញុំាង​ពួក​សត្វ​ឲ្យ​ឆ្អែត ក៏​យ៉ាងនោះ​ដែរ។ គំនរ​ខ្សាច់​ណា​ក្នុង​ចន្លោះ​នេះ រាប់​យក​ទាំង​ភ្នំ​ហិមពាន្ត និង​មហាសមុទ្រ​សាគរ គំនរ​ខ្សាច់​នោះ គេ​មិន​គប្បី​រាប់​បាន​ឡើយ។ តែបើ​ការរាប់​នូវ​គ្រាប់​ខ្សាច់​នោះ បុគ្គល​អាច​រាប់​ដោយ​មិន​សល់​បាន យ៉ាងណា ទីបំផុត​នៃ​ប្រាជ្ញា​របស់​ព្រះ​សារីបុត្ត នឹង​មិនមែន​យ៉ាងនោះ​ទេ។ កាលបើ​គេដាក់​ខ្នាច់ គ្រាប់​ខ្សាច់​ក្នុង​ស្ទឹង​គង្គា គប្បី​អស់​ទៅ ឯទីបំផុត​នៃ​ប្រាជ្ញា​របស់​ព្រះ​សារីបុត្ត នឹង​មិន​អស់​ដូច្នោះ​ទេ។ រលក​ក្នុង​មហាសមុទ្រ ដែលគេ​មិន​គប្បី​រាប់​បាន ដោយ​ការរាប់​យ៉ាងណា ទីបំផុត​នៃ​ប្រាជ្ញា​របស់​ព្រះ​សារីបុត្ត ក៏​គេ​នឹង​មិន​អាច​រាប់​បាន យ៉ាងនោះ។ តាបស​នេះ នឹង​សម្រេច​បញ្ញាបារមី បាន​ជា​អគ្គសាវ័ក ញុំាង​ព្រះសម្ពុទ្ធ​ព្រះនាម​គោតម ជា​ឆ្នើម​ក្នុង​ពួក​សត្វ​ឲ្យ​ត្រេកអរ នឹង​បង្អុរ​នូវ​ភ្លៀង​គឺ​ធម៌​ដោយ​ប្រពៃ ប្រព្រឹត្ត​តាម​ធម្មចក្ក ដែល​ព្រះសម្ពុទ្ធ​ជា​សក្យ​បុត្ត​ព្រះអង្គ​ជា​បុគ្គល​នឹងធឹង ឲ្យ​ប្រព្រឹត្តទៅ​ហើយ។
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637641347990973260
ទៅកាន់ទំព័រ៖