ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ ស្លៀកដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបានទៅកើតក្នុងព្រហ្មលោក។ ការបរិសុទ្ធិក្នុងសាសនាខាងក្រៅ វៀរលែងសាសនានៃព្រះជិនសិរី មិនមានទេ ពួកសត្វណាមួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនានៃព្រះជិនសិរី។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ចប្រាថ្នានូវប្រយោជន៍របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នកទទេចាកខ្លឹម យ៉ាងណាមិញ។ ពួកជនជាច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេងៗ គ្នា ក្នុងលោក ជាអ្នកទទេសោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើមចេក ទទេចាកខ្លឹម។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបានកើតជាព្រាហ្មណ៍ លះបង់ភោគសម្ប័ទជាច្រើន ហើយចូលទៅកាន់ផ្នួស។
ចប់ ភាណវារៈ ទី១។
ID: 637641348525036017
ទៅកាន់ទំព័រ៖