ព្រះត្រៃបិដក ភាគ ៧២
ព្រាហ្មណ៍ ឈ្មោះសញ្ជ័យ ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ខ្ញុំនៅក្នុងសំណាក់ព្រាហ្មណ៍នោះ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រាហ្មណ៍ឈ្មោះអស្សជិ ដែលគេគ្របសង្កត់បានដោយក្រ មានតេជះខ្ពង់ខ្ពស់ ជាសាវ័ករបស់ព្រះអង្គ ត្រាច់ទៅបិណ្ឌបាត ក្នុងកាលនោះ។ ខ្ញុំព្រះអង្គបានឃើញព្រះអស្សជិនោះជាមុនី ប្រកបដោយបញ្ញាខ្ជាប់ខ្ជួនក្នុងញាណ មានចិត្តស្ងប់រម្ងាប់ ជាមហានាគ (លោករីកពេញដោយគុណ) ដូចផ្កាឈូករីក។ លុះខ្ញុំឃើញព្រះអស្សជិ មានឥន្រ្ទិយទូន្មានល្អ មានចិត្តស្អាត ដូចឧសភៈ លោកប្រសើរ មានព្យាយាម ខ្ញុំក៏គិតថា ស្រមណ៍នេះប្រាកដជាព្រះអរហន្ត ទើបមានរូបល្អ សង្រួមល្អ គួរជាទីជ្រះថ្លា ទូន្មានឥន្រ្ទិយដែលគួរទូន្មានដ៏ប្រសើរ ប្រាកដជាឃើញនូវព្រះនិព្វាន ឈ្មោះអមតៈ។ បើដូច្នោះ មានតែអាត្មាអញសួរអត្ថដ៏ឧត្តមនឹងស្រមណ៍ ជាអ្នកមានចិត្តរីករាយ ប្រសិនបើអញសួរទៅហើយ លោកនឹងតបបាន អាត្មាអញនឹងសូមសួរលោកតទៅទៀត ក្នុងវេលានោះ។
ID: 637641348730505346
ទៅកាន់ទំព័រ៖