ព្រះត្រៃបិដក ភាគ ៧២
កាលព្រះអស្សជិ កំពុងនិមន្តទៅបិណ្ឌបាត ខ្ញុំក៏បានដើរតាមពីក្រោយ រិះរកឱកាសដើម្បីសួរនូវអមតបទ។ ខ្ញុំបានចូលទៅសួរព្រះអស្សជិត្ថេរ ដែលនិមន្តដល់ត្រង់ចន្លោះថ្នល់ថា បពិត្រលោកមានព្យាយាម លោកជាគោត្រអ្វី បពិត្រលោកនិរទុក្ខ លោកជាសិស្សរបស់គ្រូណា។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ក៏បានដោះស្រាយថា ម្នាលអាវុសោ ព្រះសម្ពុទ្ធ ដូចកេសររាជសីហ៍ មិនចេះខ្លាច កើតហើយក្នុងលោក អាត្មាជាសិស្សរបស់ព្រះសម្ពុទ្ធនោះ។ បពិត្រលោកមានព្យាយាមធំ ជាអនុជាតមានយសធំ ចុះពាក្យប្រដៅនៃព្រះសម្ពុទ្ធរបស់លោក តើដូចម្តេច សូមលោកសម្តែងធម៌គឺពាក្យប្រដៅ (របស់ព្រះសម្ពុទ្ធនោះ) ដល់ខ្ញុំ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ទើបសម្តែងនូវសាសនធម៌ទាំងពួង ដែលល្អិតជ្រាលជ្រៅ ជាចំណែក (និព្វាន) ជាគុណកម្ចាត់បង់នូវសរគឺតណ្ហា ដែលបន្ទោបង់នូវកងទុក្ខទាំងពួងថា ធម៌ទាំងឡាយណា មានហេតុជាដែនកើតមុន ព្រះតថាគតបានសម្តែងនូវហេតុរបស់ធម៌ទាំងនោះផង នូវការរលត់នៃធម៌ទាំងនោះផង ព្រះមហាសមណៈ តែងពោលយ៉ាងនេះ។
ID: 637641349013790755
ទៅកាន់ទំព័រ៖